អត្ថន័យនៃថ្ងៃបុណ្យ ពិសាខបូជា


ចុះផ្សាយ៖ ថ្ងៃទី ០៤ ឧសភា ឆ្នាំ២០១២ ម៉ោង ០៧:៤៩នាទី

ថ្ងៃបុណ្យពិសាខបូជា ជាថ្ងៃបុណ្យប្រពៃណីជាតិខ្មែរដែលមានព្រឹត្តិការណ៍​៣សំខាន់ៗតែការពិតមានរហូតដល់ទៅ៦តែជាទូទៅគេយកតែ៣ទេ៖

១៥កើត ពេញបូណ៌មី ខែពិសាខ​​  ព្រះ​សិទ្ធត្ថ(សម្មាសម្ពុទ្ធ)ទ្រង់ ប្រសូត​​​ (កើត)

១៥កើត ពេញបូណ៌មី ខែពិសាខ​ ព្រះសិទ្ធត្ថ(សម្មាសម្ពុទ្ធ)ទ្រង់​​ត្រាស់​ដឹង​ ( រកឃើញនូវ​ ព្រះធម៌ )(35វស្សា)

១៥កើត ពេញបូណ៌មី ខែពិសាខ ព្រះ​សិទ្ធត្ថ(សម្មាសម្ពុទ្ធ)ទ្រង់ ​ចូល​បរិនិព្វាន (ស្លាប់​ )(បរិនិព្វាន លែងកើតលែងស្លាប់)(៨០វស្សា)

ខាងក្រោមនេះជាហេតុការណ៍ ៣ ​ផ្សេងទៀត៖

  1. ១៥កើត ពេញបូណ៌មី ខែពិសាខថ្ងៃកើតឡើងនៃពោធិព្រឹក្ស
  2. ១៥កើត ពេញបូណ៌មី ខែពិសាខថ្ងៃព្យាករណ៍សុមេធបណ្ឌិត
  3. ១៥កើត ពេញបូណ៌មី ខែពិសាខថ្ងៃព្រះសម្មាសម្ពុទ្ធប្រកាសនូវធម៌មិនស្លាប់គឺអប្បមាទធម៌

តាមប្រពៃណីពិធីបុណ្យ​ពិសាខ​បូជា​ប្រព្រឹត្តទៅ​នៅក្នុងវត្តអារាម​នា​វេលាពេលយប់។ ដូច្នេះហើយ​បានជាគេឃើញ​នៅគ្រប់​វត្តអារាម មានអុជគ្រឿងប្រទីបជ្វាលា​ភ្លឺ​ព្រោងព្រាត ហើយមាន​មហាជន​ប្រុស​ ស្រី ក្មេង ចាស់ ប្រកបដោយគ្រឿងសក្ការៈបូជាមាន​ផ្កាភ្ញី ទៀន ធូប ជាដើមនៅប្រជុំ​គ្នា​យ៉ាងអឹកធឹក ។ នៅសម័យមុនៗ គេប្រារព្ធធ្វើមួយយប់ហូត​ដល់ទល់ភ្លឺ គេនាំគ្នាស្ដាប់​ព្រះធម្មទេសនា​អំពី​ពុទ្ធប្រ​វត្តិ​តាំង​ពីដើម​រហូតដល់ចប់  ដើម្បីឲ្យមានបសាទសទ្ធា​ចំពោះព្រះរតនត្រ័យ កាន់តែខ្លាំងឡើង ។ តែមកដល់​សម័យបច្ចុប្បន្ននេះ​គេពុំសូវ​ឃើញមាន​ប្រារព្ធធ្វើពិធីនេះរហូតដល់ទល់ភ្លឺណាស់ បើមាន​វិញ ក៏តិចដែរ ។

តាមការស្រាវជ្រាវគេដឹងថា បុណ្យពិសាខបូជា ទំនងជាធ្វើ​នៅក្រោយព្រះ​ពុទ្ធបរិនិព្វាន​ច្រើន​រយឆ្នាំ។ នៅប្រទេស​ឥណ្ឌា និងប្រទេស​ស្រីលង្កា គេបានប្រារព្ធពិធីបុណ្យនេះយូរយារណាស់មក​ហើយ​។ ចំណែកនៅ​ប្រទេស​ខ្មែរ និងប្រទេសសៀមវិញ ទើបនឹងចាត់ចែងធ្វើ​នៅគ្រិស្ដ​សតវត្សទី​១៩ នេះ​ប៉ុណ្ណោះ។ នៅប្រទេស​សៀម​ស្ដេច​រាមា បានផ្ដើម​ធ្វើ​នៅឆ្នាំ ១៨១៧។ ចំណែកនៅប្រទេស​ខ្មែរ​បុណ្យពិសាខ​បូជា​ត្រូវបានចាប់ផ្ដើមធ្វើ​ឡើងនៅ​ឆ្នាំ ១៨៥៥ ដោយ​សម្ដេច​ព្រះសុគន្ធាធិបតី បញ្ញាសិលោ ប៉ាន ដែលស្ដេច​សៀម​បាន​បញ្ជូនមក​កាន់​ឧត្ដុង្គ​ ក្នុងឆ្នាំ ១៨៥៤ តាម​ព្រះរាជសំណើសុំ​របស់ព្រះបាទ អង្គឌួង។ ពិធីបុណ្យពិសាខបូជា បានប្រារព្ធធ្វើឡើង​មុនគេ​ដោយ គណៈធម្មយុត្តិកនិកាយ ហើយ​ជ្រួតជ្រាបទៅដល់គណៈមហានិកាយ ដោយយល់ព្រមដោយ​ព្រះបាទ​ស៊ីសុវត្ថិ ។

Loading…


ចំណាត់ក្រុម៖
មតិយោបល់