ពិធីគាស់ខ្ញែរគឺជាពិធីមួយដែលធ្វើឡើងក្នុងគោលបំណងមិនឲ្យមានភាពស្កៀបរមាស់ពីពេលនេះទៅខាងមុខពោលគឺហាមកូនស្រីបើកាលណាមានប្តីហើយនោះកុំឳ្យរមាស់គូថដើរទៅអង្គុយផ្ទះគេផ្ទះឯង ឬរមាស់មាត់ដើរនិយាយដើមគេ រមាស់ជើងដើររហេតរហូតមិននៅផ្ទះ រមាស់ដៃលួចយកទ្រព្យសម្បត្តិជាដើម។ ពិធីគោលបំណងសំខាន់គឺធ្វើឳ្យកូនស្រីក្លាយជា ស្រីគ្រប់លក្ខណៈ
របៀបនៃការធ្វើពិធីគាស់ខ្ញែរ៖ ត្រូវរកឬសអ្វីមួយដែលមានរាងដូចខ្ញែរមកដាក់ជុំវិញអង្កររាបដែលកូនស្រីបានអង្គុយហើយអ្នកភ្លេង៤នាក់ត្រូវកាន់ចបជីកម្នាក់មួយៗដោយដើរជុំវិញកូនស្រីធ្វើដំណើរទៅគាស់ខ្ញែរ និងច្រៀងថា៖
តាខ្ញែរយាយខ្ញែរ ផ្លែដៃផ្លែជើង បានអ្វីឲ្យយើង យើងគាស់ខ្ញែរឲ្យ ឳណាកែវណា យើងគាស់ខ្ញែរឲ្យ ។
គាស់ដល់ ឬសខាងៗ ខ្ញុំជីកលោកអើយ អស់ហើយដល់ឬសខាងៗ ខ្ញុំជីកអស់ហើយ ឬសកែវនៅឡើយ ជីកបង្ហើយក្រោយគេ ។
ឳណាកែវណា ជីកបង្ហើយក្រោយគេ អញថាជីកៗជីកៗរំពឹង ជីកឲ្យរលីងលើកមង្គលកូនស្រី ។
អ្នកចម្រៀងត្រូវច្រៀង ៣ដងទើបយកចុងចកជីកទៅជីកឆ្កឹះ ឬសខ្ញែរទម្លាក់ចេញពីលើអង្កររាបតែគេហាមផ្តាច់មិនឲ្យប៉ះខ្លួន ឬលើករំលងកូនស្រីទេ។ បន្ទាប់មកគេយកដៃប្រមូលខ្ញែររួចយកផ្ទិលទឹកទៅសូត្រពរជ័យដល់កូនស្រីហើយលោកមេបាឲ្យទៅរកលក្ខជុំកន្លង់នៅព្រៃហេមពាន្ត ខ្លះថាព្រៃសម្បុកសម្បូរណ៌ ខ្លះថាភ្នំកៃលាស ដើម្បីយកមកធ្វើធ្មេញឲ្យកូនស្រី។